តើយូរប៉ុណ្ណា?
ក្នុងរឿងនិទានរបស់លោកលូវីស ខារ៉ូល(Lewis Carroll) ដែលមានចំណងជើងថា អាលីស នៅក្នុងទឹកដីអស្ចារ្យ តួរអង្គអាលីសបានសួរថា “តើជារៀងរហូត ជារយៈពេលដែលយូរប៉ុណ្ណា?” សត្វទន្សាយពណ៌សក៏បានឆ្លើយថា “ជួនកាល វាមានរយៈពេលតែ១វិនាទីប៉ុណ្ណោះ”។
ខ្ញុំមានអារម្មណ៍ថា ពេលវេលាមានរយៈពេលយូរយ៉ាងដូចនេះឯង ពេលដែលដាវីឌ ប្អូនប្រុសខ្ញុំបានបាត់បង់ជីវិតក្នុងរយៈពេលដ៏ខ្លី។ ពីធីបុណ្យរំឭកនៃមរណៈភាពរបស់គាត់កំពុងតែខិតចូលមក យើងមានអារម្មណ៍សោកសៅកាន់តែខ្លាំងឡើង ដោយសារការបាត់បង់គាត់។ រយៈពេលមួយវិនាទី ហាក់ដូចជាវែងណាស់។
យ៉ាងណាមិញ ស្តេចដាវីឌបានរៀបរាប់អំពីអារម្មណ៍ដ៏ពិបាកដូចនេះដែរ ដោយបន្លឺសម្លេងច្រៀងថា “ឱព្រះយេហូវ៉ាអើយ តើទ្រង់នឹងភ្លេចទូលបង្គំដល់កាលណាទៀត តើដល់អស់កល្បឬអី តើនឹងលាក់ព្រះភក្ត្រទ្រង់ ពីទូលបង្គំដល់កាលណា? តើត្រូវឲ្យទូលបង្គំពិគ្រោះនៅតែក្នុងខ្លួនដល់កាលណា ដោយមានចិត្តព្រួយវាល់ព្រឹកវាល់ល្ងាចដូច្នេះ
ខ្មាំងសត្រូវនឹងលើកខ្លួនឡើង ទាស់នឹងទូលបង្គំដល់កាលណាទៅ? (ទំនុកដំកើង ១៣:១-២)។ ទ្រង់បានសួរនូវពាក្យដដែលបួនដងថា “ដល់កាលណាទៀត? ក្នុងខគម្ពីរទាំងពីរនេះ។
ជួនកាល ការឈឺចាប់ក្នុងជីវិត ហាក់ដូចជាមិនចេះចប់មិនចេះហើយ។ ពេលយើងមានការឈឺចាប់ក្នុងចិត្ត ចូលយើងចូលទៅក្នុងព្រះវត្តមាន និងការថែរក្សារបស់ព្រះវរបិតា ដែលគង់នៅស្ថានសួគ៌ ដូចស្តេចដាវីឌដែរ ដោយដឹងថា ទ្រង់នឹងមិនដែលចាកចេញពីយើង ឬបោះបង់យើងចោលឡើយ(ហេព្រើ ១៣:៥)។ ស្តេចដាវីឌដែលជាអ្នកនិពន្ធបទទំនុកដំកើងនេះ ក៏បានដឹងផងដែរថា ព្រះនឹងមិនបោះបង់ទ្រង់ចោល បានជាទ្រង់ពោលទំនួញរបស់ទ្រង់នៅដើមឃ្លាដំបូង ហើយបន្ទាប់មក ក៏បានប្រកាស់ដោយជ័យជម្នះថា “ទូលបង្គំបានទុកចិត្តនឹងសេចក្តីសប្បុរសរបស់ទ្រង់ ចិត្តទូលបង្គំនឹងរីករាយសប្បាយឡើង ដោយសេចក្តីសង្គ្រោះរបស់ទ្រង់ដែរ”(ទំនុកដំកើង ១៣:៥)។…
តំបន់ទូរស័ព្ទ
សព្វថ្ងៃនេះ យើងអាចមានលទ្ធភាពទាក់ទងទៅអ្នកដទៃ ដែលនៅឆ្ងាយពីយើង ដោយសេរី តាមរយៈទូរស័ព្ទដៃ។ នេះគឺជាអត្ថប្រយោជន៍មួយ ក្នុងចំណោមអត្ថប្រយោជន៍ជាច្រើនរបស់ទូរស័ព្ទដៃ។ ហេតុនេះហើយ បានជាមនុស្សជាច្រើន បាននិយាយតាមទូរស័ព្ទ ឬថែមទាំងផ្ញើសារទៅអ្នកដទៃ ពេលកំពុងបើកបរ ហើយជាញឹកញាប់ ការនេះបានបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវ។ ដើម្បជាសវាងមហន្តរាយដូចនេះ មានតំបន់ជាច្រើនក្នុងពិភពលោក បានបង្កើតច្បាប់ ហាមមិនឲ្យប្រើទូរស័ព្ទពេលកំពុងបើកបរ។ ជាតួយ៉ាង នៅសហរដ្ឋអាមេរិក នៅតាមផ្លូវហាយវេយ មានផ្លាកសញ្ញាចរាចរណ៍ ដែលរំឭកអ្នកបើកបរទាំងឡាយថា ពួកគេបានមកដល់តំបន់ពិសេស សម្រាប់ទូរស័ព្ទដៃហើយ ដែលនៅទីនោះ ពួកគេអាចបើកអែបខាងហើយឈប់ឡាន ដើម្បីនិយាយតាមទូរស័ព្ទ ឬផ្ញើសារ ដោយសេរី។
ការហាមមិនឲ្យទំនាក់ទំនងតាមទូរស័ព្ទ ពេលកំពុងបើកបរ គឺជាគំនិតដ៏ល្អ ប៉ុន្តែ មានទំនាក់ទំនងមួយប្រភេទទៀត ដែលគ្មានអ្វីអាចហាមឃាត់បានឡើយ គឺការអធិស្ឋាន។ ព្រះទ្រង់បានអញ្ជើញយើង ឲ្យអធិស្ឋានទៅរកទ្រង់ ទោះជាយើងកំពុងធ្វើដំណើរទៅមក កំពុងជាប់រវល់ដៃ ឬកំពុងអង្គុយនៅស្ងៀមក៏ដោយ។ ក្នុងព្រះគម្ពីរសញ្ញាថ្មី សាវ័កប៉ុលបានបង្រៀនមនុស្សម្នាក់ៗ ដែលចង់ទំនាក់ទំនងជាមួយព្រះ ឲ្យ “អធិស្ឋានឥតឈប់ឈរ” (១ថែស្សាឡូនិច ៥:១៧)។ នៅក្នុងការបង្រៀនឲ្យអធិស្ឋាន សាវ័កប៉ុលបានលើកទឹកចិត្តយើង ឲ្យ “អរសប្បាយជានិច្ច”(ខ.១៦) ហើយ “អរព្រះគុណព្រះ គ្រប់កាលៈទេសៈ”(ខ.១៨)។ ព្រះទ្រង់បានត្រាសហៅយើង ឲ្យមានអំណរ និងអរព្រះគុណទ្រង់ ដែលជាការបង្ហាញចេញនូវសេចក្តីជំនឿ…
សូមដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព!
“អ្នកបើកបរយន្តហោះ ក៏បានបើកភ្លើងសញ្ញាខ្សែក្រវ៉ាត់សុវត្ថិភាព ដើម្បីបង្ហាញឲ្យយើងដឹងថា យើងកំពុងតែចូលក្នុងកន្លែងរលាក់ហើយ។ សូមវិលត្រឡប់ ទៅកាន់កន្លែងអង្គុយរបស់អ្នកជាបន្ទាន់ ហើយដាក់ខ្សែក្រវ៉ាត់សុវត្ថិភាពរបស់អ្នក ឲ្យជាប់”។ អ្នកបម្រើយន្តហោះបានផ្តល់ឲ្យ នូវការដាស់តឿនដូចនេះ នៅពេលដែលចាំបាច់ ព្រោះពេលយន្តហោះបើកចូលដល់កន្លែងមានខ្យល់រលាក់ អ្នកដំណើរដែលមិនដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព អាចមានគ្រោះថ្នាក់។ ពេលដែលពួកគេនៅអង្គុយនៅកៅអីរបស់ខ្លួន ដោយដាក់ខ្សែក្រវ៉ាត់ជាប់ ពួកគេអាចធ្វើដំណើរចេញពីកន្លែងរលាក់ ដោយសុវត្ថិភាព។
នៅក្នុងការរស់នៅ យើងមិនតែងតែទទួលបាននូវការដាស់តឿន អំពីរឿងមិនល្អ ដែលកំពុងមករកយើងឡើយ។ ប៉ុន្តែ ព្រះវរបិតានៃយើង ដែលមានក្តីស្រឡាញ់ ទ្រង់ជ្រាប ហើយក៏យកព្រះទ័យទុកដាក់ ចំពោះទុក្ខលំបាករបស់យើង ហើយទ្រង់ក៏បានអញ្ជើញយើង ឲ្យថ្វាយការខ្វល់ខ្វាយ ការឈឺចាប់ និងការភ័យខ្លាចដល់ទ្រង់។ ព្រះគម្ពីរបានប្រាប់យើងថា “ដ្បិតសំដេចសង្ឃនៃយើង ទ្រង់មិនមែនមិនអាចនឹងអាណិតអាសូរ ដល់សេចក្តីកំសោយរបស់យើងរាល់គ្នានោះទេ ព្រោះទ្រង់បានត្រូវសេចក្តីល្បួងគ្រប់យ៉ាង ដូចជាយើងរាល់គ្នាដែរ តែឥតធ្វើបាបឡើយ ដូច្នេះ ត្រូវឲ្យយើងរាល់គ្នា មកដល់បល្ល័ង្កនៃព្រះគុណ ដោយក្លាហាន ដើម្បីនឹងទទួលសេចក្តីមេត្តា ហើយរកបានព្រះគុណសំរាប់នឹងជួយដល់ពេលត្រូវការចុះ”(ហេព្រើរ ៤:១៥-១៦)។
នៅក្នុងពេលដែលមានភាពរំជើបរំជួល ការទៅរកព្រះវរបិតា ដោយការអធិស្ឋាន ជាការប្រសើរបំផុត ដែលយើងអាចធ្វើ។ ឃ្លាដែលថា “ព្រះគុណសម្រាប់នឹងជួយ” គឺមានន័យថា ក្នុងព្រះវត្តមានទ្រង់ យើងអាចអង្គុយ ដោយសុវត្ថិភាព និងស្ងប់ចិត្ត ក្នុងពេលដែលមានការគំរាមកំហែង ព្រោះយើងថ្វាយការខ្វល់ខ្វាយរបស់យើង…
ការស្គាល់ និងការស្រឡាញ់
បទចម្រៀងដែលច្រៀងថា “ព្រះយេស៊ូវស្រឡាញ់ខ្ញុំណាស់ ព្រះគម្ពីរសម្តែងយ៉ាងច្បាស់” ស្ថិតក្នុងចំណោមបទចម្រៀងគ្រីស្ទបរិស័ទដែលមានភាពយូរអង្វែងជាងគេ ជាពិសេសសម្រាប់ក្មេងៗ។ បទចម្រៀងនេះ ត្រូវបាននិពន្ធដោយអ្នកស្រី អានណា ប៊ី វននើរ(Anna B. Warner) ក្នុងទសវត្សរ៍ឆ្នាំ១៨០០។ បទចម្រៀងនេះបានថ្លែងបញ្ជាក់អំពីទំនាក់ទំនងរបស់យើង យ៉ាងស្រទន់ថា ព្រះយេស៊ូវស្រឡាញ់យើងណាស់។
មានមនុស្សម្នាក់បានឲ្យផ្លាកមួយសន្លឹក មកភរិយាខ្ញុំ សម្រាប់ដាក់តាំងក្នុងផ្ទះយើង ដែលធ្វើឲ្យខ្ញុំនឹកចាំអំពីបទចម្រៀងនេះ។ នៅលើផ្លាកនោះ គេបានសរសេរត្រឡប់ពាក្យថា “ព្រះយេស៊ូវ ស្គាល់ ខ្ញុំ ខ្ញុំស្រឡាញ់ទ្រង់ណាស់”។ ការនេះបានប្រាប់យើងថា ទ្រង់មិនគ្រាន់តែស្រឡាញ់យើងប៉ុណ្ណោះទេ តែទ្រង់ថែមទាំងបានស្គាល់យើងយ៉ាងច្បាស់។
នៅប្រទេសអ៊ីស្រាអែលសម័យបុរាណ អ្នកគង្វាលចៀមស្រឡាញ់ ហើយស្គាល់ចៀមគាត់ គឺខុសពីអ្នកស៊ីឈ្នួលឃ្វាលចៀម ដើម្បីតែប្រាក់កំរៃ។ អ្នកគង្វាលចៀមចំណាយពេលជាច្រើន ជាមួយចៀមគាត់ ធ្វើឲ្យគាត់មានមនោសញ្ចេតនាចំពោះចៀមគាត់ ហើយមានការយល់ដឹងស៊ីជម្រៅ អំពីពួកវា។ ហេតុនេះហើយ បានជាព្រះយេស៊ូវបានមានបន្ទូលថា “ឯខ្ញុំ ជាអ្នកគង្វាលល្អ ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ ហើយចៀមក៏ស្គាល់ខ្ញុំ … ចៀមខ្ញុំទាំងប៉ុន្មានវាស្តាប់ខ្ញុំ ហើយមកតាម ខ្ញុំក៏ស្គាល់វាដែរ”(យ៉ូហាន ១០:១៤,២៧)។
ទ្រង់ស្គាល់យើង ហើយក៏ស្រឡាញ់យើងផង! យើងអាចទុកចិត្តថា ព្រះយេស៊ូវមានបំណងព្រះទ័យដ៏ល្អសម្រាប់យើង ហើយអាចសម្រាកក្នុងព្រះបន្ទូល ដែលទ្រង់បានសន្យាថា ទ្រង់យកព្រះទ័យទុកដាក់ចំពោះយើង ដោយសារព្រះវរបិតា “ជ្រាបថា យើងត្រូវការអ្វី មុនពេលដែលយើងទូលសូមទ្រង់ផង”(ម៉ាថាយ…
ការលះបង់ក្នុងថ្ងៃណូអែល
រឿងនិទានរបស់លោកអូ ហេនរី(O Henry) ដែលមានចំណងជើងថា “អំណោយរបស់អ្នកប្រាជ្ញ” និយាយអំពីលោកជីម(Jim) និងអ្នកស្រីដេឡា(Della) ដែលជាប្តីប្រពន្ធវ័យក្មេងមួយគូរ ដែលកំពុងជួបបញ្ហាហិរញ្ញវត្ថុ។ នៅពេលបុណ្យណូអែលជិតមកដល់ ពួកគេចង់ទិញអំណោយឲ្យគ្នាទៅវិញទៅមក ប៉ុន្តែ ដោយសារការខ្វះខាត ពួកគេក៏បានសម្រេចចិត្តប្រើមធ្យោបាយដ៏ពិបាកមួយ។ លោកជីមមាននាឡិការដៃពណ៌មាស ដ៏មានតម្លៃមួយគ្រឿង ចំណែកឯអ្នកស្រីដេឡាវិញ មានសក់វែងអន្លាយដ៏ស្រស់ស្អាត។ ដូចនេះ លោកជីមក៏បានលក់នាឡិកាគាត់ ដើម្បីទិញក្រាស់សិតសក់ឲ្យអ្នកស្រីដេឡា ខណៈពេលដែលអ្នកស្រីដេឡាបានទៅកាត់សក់លក់ឲ្យគេ ដើម្បីទិញខ្សែនាឡិការឲ្យលោកជីម។
រឿងនៃក្តីស្រឡាញ់នេះ បានរំឭកយើងថា ការលះបង់គឺជាចំណុចស្នូល នៃសេចក្តីស្រឡាញ់ដ៏ពិត ហើយការលះបង់ជាខ្នាតរង្វាស់ដ៏ពិត នៃសេចក្តីស្រឡាញ់។ នេះជាការពិតមែន ជាពិសេស នៅក្នុងរដូវកាលនៃបុណ្យណូអែល ពីព្រោះការលះបង់ ជាអត្ថន័យដ៏សំខាន់បំផុត នៃកំណើតរបស់ព្រះគ្រីស្ទ។ ព្រះយេស៊ូវគ្រីស្ទ បានប្រសូត្រ ដើម្បីសុគត គឺសុគតដើម្បីយើងរាល់គ្នា។ ហេតុនេះហើយបានជាទេវតាបានប្រាប់យ៉ូសែបថា “នាងនឹងប្រសូតបុត្រា១ ហើយអ្នកត្រូវថ្វាយព្រះនាមថា «យេស៊ូវ» ព្រោះបុត្រនោះនឹងជួយសង្គ្រោះរាស្ត្រទ្រង់ ឲ្យរួចពីបាប”(ម៉ាថាយ ១:២១)។
រយៈពេលជាច្រើនសតវត្សរ៍ មុនពេលព្រះគ្រីស្ទប្រសូត្រ ព្រះគម្ពីរបានថ្លែងទំនាយថា ទ្រង់នឹងយាងមកជួយសង្រ្គោះយើង ឲ្យរួចពីបាបរបស់យើង បានសេចក្តីថា យើងមិនអាចយល់ច្បាស់អំពីតម្លៃនៃស្នូកសត្វដែលព្រះឱរសយេស៊ូវបានផ្ទុំនោះឡើយ ដរាបណា យើងមិនបានស្វែងយល់អំពីអត្ថន័យនៃឈើឆ្កាងទេនោះ។ អត្ថន័យនៃបុណ្យណូអែល គឺនិយាយអំពីសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទទាំងស្រុង ដែលបានបង្ហាញយ៉ាងច្បាស់ នៅក្នុងការលះបង់របស់ទ្រង់ សម្រាប់យើងរាល់គ្នា។-Bill…
អាថ៌កំបាំងនៃពិធីបុណ្យណូអែល
លោកឆាលស៍ ឌីកឃិន(Charles Dickens) បាននិពន្ធរឿង ដែលមានចំណងជើងថា បទចម្រៀងណូអែល ដែលនិយាយ អំពីអាថ៌កំបាំងរបស់លោកអេបេនេហ្សឺ ស្រ្គូជ(Ebenezer Scrooge)។ ហេតុអ្វីតួអង្គម្នាក់នេះ ជាមនុស្សចិត្តអាក្រក់ម្ល៉េះ? តើហេតុអ្វីបានជាគាត់ក្លាយជាមនុស្សអាត្មានិយម? បន្ទាប់មក បន្តិចម្តងៗ ពេលដែលអត្ថន័យនៃបុណ្យណូអែល បានជ្រួតជ្រាបក្នុងចិត្តគាត់។ មានឥទ្ធិពលម្យ៉ាង ដែលបានធ្វើឲ្យគាត់ប្រែក្លាយពីយុវជនដែលមានសុភមង្គល ទៅជាមនុស្សអាត្មានិយម ដែលគ្មានអំណរ ក្នុងជីវិត។ គាត់មានភាពឯកកោ និងខូចចិត្ត។ តែបន្ទាប់ពី អាថ៌កំបាំងរបស់គាត់ ត្រូវបានទំលាយហើយ គាត់ក៏បានរកឃើញផ្លូវទៅរកការស្អាងឡើងវិញ។ គាត់ប្រែជាចេះខ្វល់ពីអ្នកដទៃ ហើយការនេះក៏បាននាំគាត់ចេញពីភាពងងឹត ចូលទៅក្នុងជីវិតដែលមានក្តីអំណរជាថ្មី។
មានរឿងអាថ៌កំបាំងមួយ ដែលសំខាន់ជាងនេះទៀត ហើយក៏ពិបាកពន្យល់ជាងរឿងខាងលើផង។ គឺដូចដែលសាវ័កប៉ុលបានមានប្រសាសន៍ក្នុងបទគម្ពីរ ១ធីម៉ូថេ ៣:១៦ ថា “ពិតប្រាកដជាសេចក្តីអាថ៌កំបាំងរបស់សាសនានៃយើង នោះជ្រាលជ្រៅណាស់ គឺដែលព្រះបានលេចមកក្នុងសាច់ឈាម បានរាប់ជាសុចរិតដោយព្រះវិញ្ញាណ ពួកទេវតាបានឃើញទ្រង់ មនុស្សបានប្រកាសប្រាប់ពីទ្រង់ដល់ពួកសាសន៍ដ៏ទៃ មានគេជឿដល់ទ្រង់ក្នុងលោកិយនេះ រួចព្រះបានលើកទ្រង់ឡើងទៅក្នុងសិរីល្អវិញ”។ រឿងនេះពិតជាអស្ចារ្យណាស់! ព្រះទ្រង់ “បានលេចមកក្នុងសាច់ឈាម”។
យ៉ាងណាមិញ អាថ៌កំបាំងនៃបុណ្យណូអែល គឺជាការដែលព្រះអាចយកកំណើតជាមនុស្ស តែនៅតែរក្សាភាពជាព្រះទាំងស្រុងដដែល។ មនុស្សមិនអាចបកស្រាយអំពីអាថ៌កំបាំងនេះបានទេ តែក្នុងប្រាជ្ញាដ៏ល្អឥតខ្ចោះរបស់ព្រះ នេះជាផែនការដែលទ្រង់បានរៀបចំតាំងពីមុនកំណើតលោកិយ។
តើបុត្រតូចនោះជានរណា? ទ្រង់ជាព្រះយេស៊ូវគ្រីស្ទ ជាព្រះដែលបានបង្ហាញព្រះអង្គទ្រង់ នៅក្នុងសាច់ឈាមជាមនុស្ស។-Bill…
ក្មេងប្រុសវាយស្គរ
បទចម្រៀងមានចំណងជើងថា “ក្មេងតូចវាយស្គរ” ជាបទចម្រៀងណូអែលដ៏ពេញនិយម ដែលត្រូវបាននិពន្ធក្នុងឆ្នាំ ១៩៤១។ ពីដើមឡើយ បទនេះមានចំណងជើងថា “ចទចម្រៀងណូអែលសរសើរដំកើង ដោយវាយស្គរ” ហើយផ្អែកទៅលើបទចម្រៀងណូអែល តាមប្រពៃណីជនជាតិឆេកូ។
ទោះបីជារឿងដើមកំណើតណូអែល ក្នុងបទគម្ពីរម៉ាថាយ ១-២ និងលូកា ២ មិនបាននិយាយ អំពីក្មេងវាយស្គរក៏ដោយ ក៏បទចម្រៀងណូអែលមួយនេះ បានបង្ហាញពីអត្ថន័យនៃពិធីបុណ្យណូអែល។ បទចម្រៀងណូអែលនេះ បានពិពណ៌នា អំពីក្មេងប្រុសវាយស្គរម្នាក់ ដែលពួកអ្នកប្រាជ្ញបានឲ្យ មកកន្លែងព្រះគ្រីស្ទប្រសូត្រ។ ខុសពីពួកអ្នកប្រាជ្ញ ក្មេងតូចម្នាក់នេះ គ្មានដង្វាយអ្វីថ្វាយព្រះយេស៊ូវឡើយ បានជាវាថ្វាយទ្រង់នូវអ្វីដែលវាមាន។ គឺវាបានវាយស្គរថ្វាយទ្រង់ ដោយនិយាយថា “ខ្ញុំនឹងវាយស្គរឲ្យពិរោះអស់ពីលទ្ធភាពថ្វាយទ្រង់”។
រឿងនេះជារឿងប្រឌិត តែខ្លឹមសាររបស់វាបាននិយាយ អំពីការថ្វាយបង្គំ ដូចដែលព្រះយេស៊ូវបានមានបន្ទូលអំពីស្រ្តីមេម៉ាយ និងប្រាក់ពីរស្លឹងយ៉ាងដូចនេះថា “ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ស្រីមេម៉ាយទ័លក្រនេះបានដាក់ដង្វាយលើសជាងគេទាំងអស់ ដ្បិតអ្នកទាំងនោះ សុទ្ធតែយកពីរបស់សំណល់ខ្លួនមកថ្វាយ តែឯស្ត្រីនេះ នាងបានយកពីសេចក្តីកំសត់របស់ខ្លួនមកថ្វាយវិញ គឺនាងបានថ្វាយរបស់ទាំងប៉ុន្មាន ដែលមានសំរាប់នឹងចិញ្ចឹមជីវិតខ្លួនផង”(លូកា ២១:៣-៤)។
ក្មេងប្រុសវាយស្គរគ្មានអ្វីក្រៅពីស្គរ ហើយស្រ្តីមេម៉ាយក្រីក្រក៏មានតែប្រាក់ពីរស្លឹង តែព្រះដែលពួកគេបានថ្វាយបង្គំ ទ្រង់សក្តិសមនឹងទទួលរបស់ទាំងប៉ុន្មាននោះ ដែលពួកគេមាន ជាជាងរបស់សំណល់ដែលគេយកមកថ្វាយទ្រង់។ ទ្រង់ក៏សក្តិសមនឹងទទួលរបស់ទំាងប៉ុន្មានដែលយើងមានផងដែរ ដ្បិតទ្រង់បានលះបង់គ្រប់យ៉ាង ដើម្បីយើងរាល់គ្នា។-Bill Crowder
ការសម្រាកថ្ងៃបុណ្យណូអែល
កាលនៅពីក្មេង ខ្ញុំបានយកកាសែតទៅដាក់តាមផ្ទះ ដើម្បីរកលុយចិញ្ចឹមជីវិត។ ដោយសារកាសែតនោះ ជាកាសែតពត៌មានពេលព្រឹក ខ្ញុំត្រូវក្រោកនៅម៉ោង៣ទៀតភ្លឺ ជារៀងរាល់ថ្ងៃ ដើម្បីឲ្យខ្ញុំអាចយកកាសែត១៤០ច្បាប់ ទៅដាក់នៅតាមផ្ទះ ឲ្យបានត្រឹមត្រូវ មុនម៉ោង៦ព្រឹក។
តែជារៀងរាល់ឆ្នាំ សម្រាប់ខ្ញុំ មានថ្ងៃមួយដែលខុសពីថ្ងៃផ្សេងទៀត។ ខ្ញុំត្រូវយកកាសែតពត៌មានពេលព្រឹកទៅដាក់ឲ្យគេ នៅថ្ងៃមុនពេលថ្ងៃបុណ្យណូអែលមកដល់ មានន័យថា មានតែនៅពេលព្រឹកថ្ងៃបុណ្យណូអែលទេ ដែលខ្ញុំអាចគេង ហើយសម្រាកដូចមនុស្សទូទៅបាន។ អស់រយៈពេលជាច្រើនឆ្នាំក្រោយមក ខ្ញុំក៏បានអបអរពិធីបុណ្យណូអែល ដោយសារមូលហេតុជាច្រើន ដែលក្នុងនោះ ខ្ញុំបានរាប់ថ្ងៃនោះជាថ្ងៃពិសេស ដោយសារវាជាថ្ងៃដែលខ្ញុំបានសម្រាក។
កាលនោះ ខ្ញុំមិនទាន់យល់ច្បាស់ អំពីអត្ថន័យនៃការសម្រាកដ៏ពិត ដែលពិធីបុណ្យណូអែលបានផ្តល់ឲ្យនោះឡើយ។ ព្រះគ្រីស្ទបានយាងមក នៅថ្ងៃបុណ្យណូអែលដំបូង ដើម្បីប្រទាននូវការសម្រាក តាមរយៈការអត់ទោសបាបរបស់ទ្រង់ ដល់អស់អ្នកដែលស្ថិតក្រោមបន្ទុកនៃក្រឹត្យវិន័យ ដែលពួកគេមិនអាចប្រព្រឹត្តតាម ឲ្យបានសព្វគ្រប់នោះ។ គឺដូចដែលព្រះយេស៊ូវបានមានបន្ទូលថា “អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក”(ម៉ាថាយ ១១:២៨)។
ក្នុងលោកិយ ដែលអំពើបាបមានទម្ងន់ធ្ងន់ក្រៃ មិនអាចឲ្យយើងលីសែងតែម្នាក់ឯងបាន ព្រះគ្រីស្ទបានយាងមក នាំយើងចូលទៅក្នុងទំនាក់ទំនងជាមួយទ្រង់ ហើយប្រទានឲ្យយើងមានការសម្រាកក្នុងទ្រង់។-Bill Crowder
ការជួយរំលែកទុក្ខលំបាក
ថ្ងៃទី២៥ មេសា ឆ្នាំ២០១៥ ជាថ្ងៃគំរប់ខួប១០០ឆ្នាំ នៃទិវាអានហ្សាក។ ប្រទេសអូស្រ្តាលី និងប្រទេសញូហ្សៀឡិនបានប្រារព្ធធ្វើទិវាមួយនេះ ជារៀងរាល់ឆ្នាំ ជាការគោរពដល់កងពលនៃប្រទេសអូស្រ្តាលី និងញូហ្សៀឡិនដែលហៅកាត់ថា អានហ្សាក(ANZAC) ដែលបានប្រយុទ្ធក្នុងសម័យសង្រ្គាមលោកលើកទី១។ ទិវានេះជាការរំឭកអំពីពេលមួយ ដែលប្រទេសទាំងពីរមិនបានប្រឈមមុខដាក់គ្រោះថ្នាក់ ក្នុងសង្រ្គាមតែម្នាក់ឯងឡើយ ពោលគឺកងទ័ពមកពីប្រទេសទាំងពីរ បានប្រកៀកស្មាគ្នានៅក្នុងការប្រយុទ្ធនឹងសត្រូវរួម ក្នុងសង្រ្គាមលោកលើកទី១។
ការជួយរំលែកទុក្ខលំបាកក្នុងជីវិត ឲ្យគ្នាទៅវិញទៅមក គឺជាមូលដ្ឋានគ្រឹះ នៃរបៀបនៃការរស់នៅរបស់អ្នកដើរតាមព្រះគ្រីស្ទ ដែលស្របតាមការត្រាសហៅរបស់ទ្រង់។ គឺដូចដែលសាវ័កប៉ុលបានលើកទឹកចិត្តយើងថា “ចូរយកអាសាគ្នាទៅវិញទៅមក យ៉ាងនោះ ទើបបានសំរេចតាមក្រឹត្យវិន័យនៃព្រះគ្រីស្ទ”(កាឡាទី ៦:២)។ យើងអាចជួយពង្រឹងជំនឿ និងទ្រទ្រង់គ្នាទៅវិញទៅមក ពេលមានទុក្ខលំបាក ដោយធ្វើការរួមគ្នា ដើម្បីជម្នះបញ្ហាក្នុងជីវិត។ កាលណាយើងបង្ហាញចេញនូវសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ ដល់គ្នាទៅវិញទៅមក នោះការពិបាកក្នុងជីវិត នឹងនាំយើងឲ្យចូលទៅជិតព្រះ និងទៅជិតគ្នា បានសេចក្តីថា យើងមិននៅតែឯង ពេលមានទុក្ខលំបាកឡើយ។
កាលណាយើងជួយរំលែកទុក្ខលំបាក ឲ្យគ្នាទៅវិញទៅមក នោះមានន័យថា យើងកំពុងតែយកតម្រាប់តាមសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ។ គឺដូចដែលបទគម្ពីរអេសាយបានចែងថា “ទ្រង់បានទ្រាំទ្រ រងអស់ទាំងសេចក្តីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្តីទុក្ខព្រួយរបស់យើងពិត”(អេសាយ ៥៣:៤)។ ទោះយើងមានទុក្ខលំបាកយ៉ាងណាក៏ដោយ ក៏ទ្រង់មិនឲ្យយើងប្រឈមុខដាក់បញ្ហា តែម្នាក់ឯងឡើយ។-Bill Crowder
ឈើឆ្កាង និងមកុដ
ព្រះវិហារវែសមិនស្ទ័រ អាបេយ នៅទីក្រុងឡុងដ៍ មានប្រវត្តិសាស្រ្តដ៏សម្បូរបែប។ នៅសតវត្សរ៍ទី១០ ពួកសង្ឃបេនេឌីកធីន បានចាប់ផ្ដើមទំនៀមទម្លាប់នៃការថ្វាយបង្គំព្រះប្រចាំថ្ងៃ នៅទីនោះ ដែលគេនៅតែបន្តរហូតមកដល់ពេលសព្វថ្ងៃ។ ព្រះវិហារអាបេយ ក៏ជាទីកន្លែងបញ្ចុះសពនៃមនុស្សល្បីៗជាច្រើនផងដែរ ហើយស្តេចនៃប្រទេសអង់គ្លេស សុទ្ធតែបានទទួលពិធីអភិសេកបំពាក់ម្កុដគ្រងរាជ្យ នៅព្រះវិហារអាបេយនេះគ្រប់អង្គ ចាប់តាំងពីឆ្នាំ ១០៦៦។ តាមពិត ក្នុងចំណោមក្សត្រទាំងអស់នោះ មានក្សត្រចំនួន១៧អង្គក៏ត្រូវបានបញ្ចុះសពនៅទីនោះផងដែរ មានន័យថា ព្រះរាជកិច្ចរបស់ពួកទ្រង់ ត្រូវបានបញ្ចប់ នៅត្រង់កន្លែងដែលខ្លួនបានចាប់ផ្ដើមនោះដែរ។
ទោះការបញ្ចុះសពរបស់ស្តេចទំាងនោះ មានភាពធំសម្បើមហួសហេតុយ៉ាងណាក៏ដោយ ក៏មេដឹកនាំក្នុងពិភពលោក មានពេលឡើងកាន់អំណាច និងមានពេលដែលត្រូវចុះចេញ។ ពួកគេបានរស់នៅ ហើយក៏បានស្លាប់ទៅវិញ ជារឿងធម្មតា។ ប៉ុន្តែ មានព្រះមហាក្សត្រមួយអង្គ ព្រះនាម យេស៊ូវបានសុគតតែម្ដង តែព្រះសពរបស់ទ្រង់មិននៅក្នុងផ្នូរទៀតទេ។ នៅពេលដែលទ្រង់បានយាងមកផែនដីជាលើកទីមួយ គេបំពាក់ផួងបន្លាឲ្យទ្រង់ ធ្វើជាមកុដ រួចត្រូវគេធ្វើគុតនៅលើឈើឆ្កាង ក្នុងនាមជា “ស្ដេចសាសន៍យូដា”(យ៉ូហាន ១៩:៣,១៩)។ ដោយព្រោះព្រះយេស៊ូវមានព្រះជន្មរស់ពីសុគតឡើងវិញ ដោយជ័យជម្នះ នោះយើងរាល់គ្នាដែលជាអ្នកជឿព្រះអង្គ ក៏មានសេចក្តីសង្ឃឹមថា នឹងមិនស្លាប់ជារៀងរហូតឡើយ ហើយក៏មានការធានាច្បាស់ថា យើងនឹងបានរស់ឡើងវិញជាមួយទ្រង់ជារៀងរហូត។ ព្រះយេស៊ូវមានព្រះបន្ទូលថា “ខ្ញុំជាសេចក្ដីរស់ឡើងវិញ ហើយជាជីវិត អ្នកណាដែលជឿដល់ខ្ញុំ ទោះបើបានស្លាប់ហើយ គង់តែនឹងរស់ឡើងវិញដែរ។ ឯអ្នកណាដែលរស់នៅ ហើយជឿដល់ខ្ញុំ នោះមិនត្រូវស្លាប់ឡើយ” (យ៉ូហាន…